2 Corinthians 8

1បងប្អូនអើយ! ​យើង​ប្រាប់អ្នករាល់គ្នា​ឲ្យ​ដឹងពី​ព្រះ​គុណ​របស់​ព្រះជាម្ចាស់ដែល​បាន​ផ្ដល់ឲ្យក្រុម​ជំនុំ​ទាំង​ឡាយនៅស្រុកម៉ាសេដូន 2ថាក្នុង​ពេល​មាន​ការល្បងយ៉ាងខ្លាំងតាមរយៈ​សេចក្ដី​វេទនា​ភាព​ហូរហៀរនៃអំណរនិងភាពក្រតោកយ៉ាក​របស់​ពួកគេ​ក៏​បង្ហូរចេញ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ 3ខ្ញុំសូម​ធ្វើបន្ទាល់ថា​ពួកគេ​ស្ម័គ្រចិត្ដតាមសមត្ថភាព​របស់​ពួកគេ​និងហួស​ពី​សមត្ថភាព​របស់​ពួកគេ​ទៅទៀត 4ពួកគេសូម​អង្វរ​យើង​យ៉ាង​ទទូច​ដើម្បី​អនុគ្រោះឲ្យ​ពួកគេ​មាន​ចំណែកនៅក្នុង​ការ​ឧបត្ថម្ភដល់ពួកបរិសុទ្ធ 5ហើយហួស​ពី​ការ​ស្មាន​របស់​យើងមុនដំបូង​ពួកគេ​បាន​ថ្វាយខ្លួនដល់ព្រះអម្ចាស់បន្ទាប់មក​ដល់​យើង​ដែរ​តាមបំណង​របស់​ព្រះជាម្ចាស់ 6ដូច្នេះហើយយើង​ក៏​ដាស់តឿន​លោក​ទីតុស​ឲ្យ​បង្ហើយ​ការ​ប្រមូល​ជំនួយនេះ​ដែល​គាត់​បាន​ចាប់ផ្ដើម​ធ្វើ​នៅក្នុងចំណោមអ្នករាល់គ្នា​ពីមុន​ហើយ 7ដូចដែល​អ្នករាល់គ្នា​បាន​ចម្រើនឡើងនៅក្នុង​កិច្ចការ​ទាំងឡាយ​គឺ​ទាំង​នៅក្នុង​ជំនឿពាក្យសំដីចំណេះដឹងនិង​សេចក្ដី​ឧស្សាហ៍ទាំងអស់ព្រមទាំង​សេចក្ដី​ស្រលាញ់​ដែល​អ្នករាល់គ្នា​មាន​ចំពោះយើង​ជា​យ៉ាងណា​នោះ​នៅក្នុង​ការ​ប្រមូល​ជំនួយនេះ​ចូរ​ឲ្យ​អ្នករាល់គ្នា​ចម្រើនឡើងជាយ៉ាងនោះដែរ 8ខ្ញុំមិន​មែន​និយាយបែបបង្គាប់ទេប៉ុន្ដែ​ដើម្បី​ពិសោធ​សេចក្ដី​ស្រលាញ់ដ៏ស្មោះត្រង់​របស់​អ្នករាល់គ្នាតាមរយៈ​សេចក្ដី​ឧស្សាហ៍របស់​អ្នក​ដទៃវិញ 9ដ្បិតអ្នករាល់គ្នា​ស្គាល់​ព្រះ​គុណ​របស់​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើងហើយគឺថា​ទោះបី​ព្រះអង្គ​ជា​អ្នក​មានក៏ដោយ​ក៏​ព្រះអង្គ​បាន​ត្រលប់ជា​អ្នកក្រដោយព្រោះអ្នករាល់គ្នាដើម្បី​ឲ្យ​អ្នករាល់គ្នា​ត្រលប់​ជា​អ្នក​មានដោយសារ​ភាព​ក្រ​របស់​ព្រះអង្គ 10ខ្ញុំសូម​ផ្ដល់យោបល់នៅក្នុង​រឿង​នេះ​ចុះ​ដោយព្រោះ​ការ​នេះជាប្រយោជន៍​ដល់​អ្នករាល់គ្នា​ដែល​មិនគ្រាន់តែចាប់ផ្ដើមធ្វើ​ការ​នេះតាំងពីឆ្នាំមុន​មក​ទេថែមទាំងចង់ធ្វើ​ទៀត​ផង 11ដូច្នេះឥឡូវនេះ​ចូរ​បំពេញកិច្ចការ​នេះ​ចុះគឺ​អ្នករាល់គ្នា​មាន​ចិត្ដ​សង្វាត​ចង់​ធ្វើ​ជា​យ៉ាង​ណាក៏បំពេញជា​យ៉ាង​នោះចុះ​ទៅ​តាម​អ្វីដែល​អ្នករាល់គ្នា​មាន 12ដ្បិតបើមាន​ចិត្ត​សង្វាតមែន​នោះ​អាច​ទទួល​យក​បាន​ហើយ​គឺ​តាមអ្វីដែល​អ្នក​នោះ​មានមិន​មែន​តាម​អ្វី​ដែល​អ្នក​នោះ​គ្មានទេ 13ប៉ុន្ដែមិន​មែន​ឲ្យ​អ្នក​ផ្សេងមាន​ភាព​ធូរស្បើយ​ហើយ​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​វេទនា​នោះ​ទេផ្ទុយទៅវិញឲ្យស្មើ​ភាព​គ្នា 14គឺនៅពេលបច្ចុប្បន្ននេះ​ឲ្យ​ភាព​ហូរហៀររបស់អ្នករាល់គ្នា​ផ្គត់ផ្គង់​ដល់​ភាព​ខ្វះខាត​របស់​អ្នកទាំងនោះដើម្បី​ឲ្យ​ភាព​ហូរហៀរ​របស់​អ្នកទាំងនោះអាច​នឹង​ផ្គត់ផ្គង់ដល់​ភាព​ខ្វះខាត​របស់​អ្នករាល់គ្នា​វិញ​ដូច្នេះ​ទើប​ស្មើ​ភាព​គ្នា 15ដូចមាន​សេចក្ដីចែង​ទុក​ថា៖ ​«អ្នកដែល​ប្រមូល​បាន​ច្រើន​ក៏​មិនមាន​ច្រើន​ណាស់​ណា​អ្នកដែល​ប្រមូល​បាន​តិច​ក៏​មិនខ្វះ​ដែរ»។ 16ប៉ុន្ដែសូម​អរព្រះគុណព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​លោក​ទីតុស​មាន​សេចក្ដី​ឧស្សាហ៍​នោះ​នៅក្នុងចិត្ដចំពោះអ្នករាល់គ្នា​ដែរ 17ដ្បិតគាត់​បាន​ទទួល​ពាក្យ​អង្វរ​របស់​យើង​ហើយ​កាន់តែ​មាន​សេចក្ដី​ឧស្សាហ៍​ថែមទៀតរួច​គាត់​ក៏​មកអ្នករាល់គ្នា​ដោយ​ស្ម័គ្រចិត្ដ 18រីឯយើង​ក៏​បាន​ចាត់បងប្អូនម្នាក់ដែល​មាន​ការ​សរសើរ​ពី​ក្រុមជំនុំទាំងអស់នៅក្នុង​ការ​ប្រកាស​ដំណឹងល្អ​ឲ្យ​មកជាមួយគាត់​ដែរ 19មិនត្រឹមតែប៉ុណ្ណោះទេក្រុម​ជំនុំ​ទាំង​ឡាយក៏​បាន​ជ្រើសរើស​អ្នក​នោះ​ឲ្យ​រួម​ដំណើរ​ជាមួយយើង​នៅក្នុង​ការ​ប្រមូលជំនួយ​ដែល​យើង​កំពុង​ចាត់ចែងដើម្បី​ថ្វាយ​សិរីរុងរឿងដល់ព្រះអម្ចាស់ផ្ទាល់និង​ដើម្បី​បង្ហាញ​ពី​ចិត្ដសង្វាត​របស់​យើង​ដែរ 20ព្រមទាំងចៀសវាងកុំ​ឲ្យ​អ្នក​ណា​ម្នាក់រិះគន់យើង​បាន​ឡើយ​ចំពោះ​ជំនួយ​ដ៏​ច្រើន​ដែល​យើង​កំពុង​ចាត់ចែង 21ដ្បិតយើង​តាំងចិត្ដ​ធ្វើ​ការ​ល្អមិន​មែន​តែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះទេគឺនៅ​ចំពោះ​មុខមនុស្សដែរ 22យើងចាត់បងប្អូនម្នាក់​ទៀត​ឲ្យ​ទៅ​ជាមួយពួកគេ​ព្រោះ​យើង​បាន​ពិសោធអ្នកនោះ​ជា​ញឹកញាប់​ហើយ​ឃើញ​ថា​គាត់​មាន​សេចក្ដី​ឧស្សាហ៍នៅក្នុង​កិច្ចការ​ជាច្រើនឥឡូវនេះ​គាត់​កាន់តែ​មាន​សេចក្ដី​ឧស្សាហ៍​ថែម​ទៀត​ដោយ​ការ​ទុកចិត្ដជាខ្លាំងលើអ្នករាល់គ្នា 23ចំពោះលោក​ទីតុស​គាត់​ជា​គូកន​របស់​ខ្ញុំនិង​ជា​អ្នក​រួមការងារ​ជាមួយ​ខ្ញុំ​សម្រាប់អ្នករាល់គ្នា​រីឯ​ពួក​បងប្អូន​របស់​យើង​ផ្សេង​ទៀត​ពួកគេ​ជា​សាវក​របស់​ក្រុម​ជំនុំ​ទាំង​ឡាយ​និង​ជា​សិរីរុងរឿង​របស់​ព្រះ​គ្រិស្ដ 24ដូច្នេះចូរ​បង្ហាញភស្ដុតាងពី​សេចក្ដី​ស្រលាញ់​របស់​អ្នករាល់គ្នានិងមោទនៈភាព​របស់​យើងអំពីអ្នករាល់គ្នា​ឲ្យ​ពួកគេ​បាន​ឃើញនៅ​ចំពោះមុខ​ក្រុម​ជំនុំ​ទាំង​ឡាយ​ចុះ។
Copyright information for KhmKCB